(ស្វាយរៀង)៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បានកោះហៅក្មេងទំនើងចំនួន៧នាក់ ដែលបានបង្កើតផេកឈ្មោះ «SL.៣២៣២» និង «pageb bro ra» ដែលបង្ហោះរូបភាព និងខ្លឹមសារធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
ពួកគេបានបង្ហោះរូបភាពជាក្រុមក្មេងទំនើង និងសរសេរជាអក្សរនិយាយឌឺដងគ្នាយ៉ាងច្រើន ដែលអាចឈានដល់ការកើតជម្លោះ និងហិង្សាជាដើម។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា ក្មេងទាំង៧នាក់មានទីលំនៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ អ៊ុន ស៊ីម៊ី និងឈ្មោះ ប៉ិន ទាវ ម្ចាស់ផេកទាំង២ បានឆ្លើយសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាបានបង្កើតផេកនៅឆ្នាំ២០២៥ពិតមែន។ សមត្ថកិច្ចធ្វើការអប់រំដល់ក្មេងទំនើង និងឲ្យអាណាព្យាបាល ធ្វើលិខិតធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្តកុំឲ្យធ្វើអ្វីខុសនឹងច្បាប់ទៀត៕

