
កណ្តាល៖ ថ្មីៗនេះមានការបង្ហោះដោយស្នើស៉ំឱ្យរដ្ឋបាលសង្កាត់ព្រែកលួង ដែលមានលោក គន្ធ សុគឿន ជាចៅសង្កាត់មេត្តាជួយពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញដីរបស់រដ្ឋដែលប្រជាពលរដ្ឋដឹងថាជា«បឹងត្រពាំងចាប»ស្ថិតក្នុងភូមិព្រែកថោង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ត្រូវបានគេលបលួចលក់ទៅឱ្យក្រុមហ៊ុនស្រាបៀរមួយតាមរយៈស្ត្រីដ៏មានឥទ្ធិពលម្នាក់។
ក្រោយពីការបង្ហោះបែបនេះរួចមក អ្នកសារព័ត៌មានយើងក៏បានធ្វើបទសម្ភាសសុំព័ត៌មានពីលោក គន្ធ សុគឿន ចៅសង្កាត់ព្រែកលួង តែលោកមិនឆ្លើយតបដូចជាមានការបិទបាំង លាក់លៀម ដែលធ្វើឱ្យប្រជាពលរដ្ឋ រួមទាំងអ្នកសារព័ត៌មាន មានមន្ទិលយ៉ាងខ្លាំងថាមូលហេតុអ្វីបានជាលោកចៅសង្កាត់មិនឆ្លើយតប និងមិនបញ្ជាក់ឱ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោកបានដឹងច្បាស់ឬមួយដីបឹងនេះបានលក់-ទិញ ពិតប្រាដកមែនឬយ៉ាងណា?
ចំពោះករណីសង្ស័យថាមានការលក់ដីបឹងនេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ អ្នកសារព័ត៌មានរបស់យើងបានចុះទៅផ្តិតរូបភាព ឃើញថាដីបឹងត្រូវបានបោះបង្គោលព្រំបឹង ដែលមើលទៅដូចមានម្ចាស់ទៅហើយ។ ចំណែកឯប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រែកលួង បានប្រាប់អ្នកសារព័ត៌មានទាំងមានការភ័យខ្លាចថា៖ដីបឹងត្រពាំងចាប និងដីបឹងទន្លេអ៊ុ គឺពិតជាដីរួមរបស់ពលរដ្ឋមែនហៅថា(អាករភូមិ-ឃុំ) តែពេលនេះប្រហែលជាអ្នកធំយកធ្វើជាកម្មសិទ្ធិហើយ ដោយពួកគាត់មិនហ៊ាននិយាយទេ សូម្បីតែមេភូមិ-លោកចៅសង្កាត់ក៏មិនហ៊ាននិយាយផង រឿងអីពួកគាត់ដែលជាប្រជាប្រពលរដ្ឋតូចតាចហ៊ាននិយាយ?
ចំពោះដីបឹងនេះអ្នកសារព័ត៌មានរបស់យើងនៅតែទទួចស្នើសុំឱ្យលោក គន្ធ សុគឿន ចៅសង្កាត់ព្រែកលួង រួមទាំងអាជ្ញាធរក្រុងអរិយក្សត្រ មេត្តាជួយបញ្ជាក់ឱ្យប្រជាពលរដ្ឋក្នុងសង្កាត់ទាំងមូល រួមទាំងអ្នកសារព័ត៌មានយើងបានដឹងផងថា«ដីបឹងត្រពាំងចាប និងដីបឹងទន្លេអ៊ុ ពិតជាមានការលក់-ទិញ មែន ឬក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរដដែល?
ក្នុងករណីនេះភ្នាក់ងារសារព័ត៌មានព័ត៌មានរបស់យើង នឹងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធ និងរង់ចាំតាមដានបន្តទៀតក្នុងករណីនេះ៕

