ខេត្តត្បូងឃ្មុំ : ច្រករបៀងដូនរ័ត្ន ព្រំដែនកម្ពុជាវៀតណាម កំពុងក្លាយជាប្រធានបទកន្លែងប្រព្រឹត្តអំពើពុករលួយ ជាតំបន់សម្រាប់អាជីវករដឹកជញ្ជូនត្រីសាច់ឆ្លងដែនខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញគេចពន្ធ និងមានការបើកដៃ យ៉ាងគឃ្លើន ពីអស់លោកមន្ត្រីពាក់ព័ន្ធប្រចាំការតាមច្រក ដោយតៃកុងរថយន្តឈប់មុខប៉ុស្តិ៍ រួចដើរចូលទៅបង់លុយជាថ្នូរ ក្នុងការដឹកជញ្ជូនត្រីសាច់ ពីវៀតណាមចូលមកចែកចាយនៅកម្ពុជា
នៅយប់រំលងអាធ្រាត ថ្ងៃទី២៨ ឈានចូល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញថាមន្ត្រីប្រចាំការតាមច្រក រួមមាន÷ទាំងទាហាន ប៉ូលិស ដែលជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ មានតួនាទីការពារព្រំដែន កំពុងប្រមូលលុយដាក់ហ៊ោប៉ៅ តាមរបៀបពុករលួយ ទទួល(សំណូក)ពីក្រុមអាជីវករ ដែលតែងតែដឹកជញ្ជូនសាច់ត្រីឆ្លងដែនចេញពីវៀតណាមចូលមកលក់ចែកចាយកម្ពុជាយ៉ាងអាណាធិបតេយ្យតាមច្រករបៀងមួយនេះជារៀងរាល់យប់
ករណីនេះគឺកំពុងបង្ហាញពីការគប់គិតគ្នា ប្រព្រឹត្តអំពើពុករលួយ ពីសំណាក់មន្ត្រីពាក់ព័ន្ធទាំងអស់នោះ បើកដៃឲ្យឈ្មួញនាំត្រីសាច់ចេញចូល ដោយខុសច្បាប់តាមច្រករបៀងព្រំដែន
មហាជនសូមសំណូមពរដល់ ឯកឧតតមប៉ែនកុសល់ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាជួយមានវិធានការច្បាប់ ពិនិត្យមើលមន្ត្រីពាក់ព័ន្ធប្រចាំការនៅតំបន់ច្រកដូនរ័ត្នផងទាន
ប្រជាពលរដ្ឋស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួយបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើបញ្ហានេះ និងចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ចំពោះមន្ត្រីពុករលួយ ដែលហ៊ានបើកដៃឲ្យនាំយកត្រីសាច់ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា យ៉ាងអាណាធិបតេយ្យ។

