កណ្តាល÷ រឿងយូរហើយទើបតែផ្ទុះចេញ ក្រោយពីការកាប់ដើមត្នោតផ្តួលរលំចោល ដោយពីមុនជាដីរួមរបស់ពលរដ្ឋ ពេលនេះប្រែជាដីឯកជន ក្រោយពីប្តឹងប្តល់គ្នាជាច្រើនឆ្នាំ!
ដីរួមរបស់ប្រជាពលរដ្ឋចំនួនជាង ១០គ្រួសារ មានទំហំជាង ២ហិកតា ត្រង់ចំណុចទួលព្រីង ជំរំត្នោត ដែលមានការប្តឹងប្តល់គ្នាជាមួយលោក ឌី គ្រៀល ដោយប្រជាពលរដ្ឋប្រគល់សិទ្ធទៅឳ្យលោក រស់ សារ៉េម មេភូមិបារុង ក្នុងគោលបំណងថារក្សាដីខាងលើទុកជាប្រយោជន៍រួម ហើយដីខាងលើនេះមានការប្តឹងប្តល់គ្នារយៈពេលជាច្រើនឆ្នាំ ដោយប្តឹងមិនឈ្នះលោក ឌី គ្រៀល រហូតដល់សាលាកំពូល តាំងពីដីនេះស្ថិតនៅភូមិបារុង ឃ៉ំបារុង ក្នុងភូមិសាស្ត្រស្រុកល្វាឯម។
ក្រោយមកពេលកាត់ភូមិសាស្ត្រនេះចូលមកក្រុងអរិយក្សត្រ ក៏មានការយកករណីនេះមកដោះស្រាយក្រៅប្រព័ន្ធតុលាការវិញ ក្រោមការសម្របសម្រួលរបស់រដ្ឋបាលក្រុងអរិយក្សត្រ ដោយឈរលើគោលការណ៍ឈ្នះៗ។
លោក ឯម ទី ចៅសង្កាត់បារុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងដែរថា÷ក្រោយការដោះស្រាយពេលនោះប្រជាពលរដ្ឋបានព្រមព្រៀងត្រូវរូវគ្នា ហើយរដ្ឋបាលក្រុងបានប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ ទៅរដ្ឋបាលសង្កាត់បារុង ដើម្បីធ្វើសាលារៀន និងមានការបែងចែកថវិកា មួយចំនួនទៀតទៅលោកមេភូមិ រស់ សារ៉េម ចំនួន ១៨០០ដុល្លារ រួមទាំងអ្នកដែលបានខិតខំក្នុងការដើររឿងនេះ ចំណែកឯថវិកា នៃការសាងសង់សាលារៀនគឺប្រគល់ទុកនឹងលោកចៅសង្កាត់រងធ្វើការចាត់ចែងផងដែរ។
ចំពោះការដោះស្រាយដីរួមនេះប្រជាពលរដ្ឋ រួមទាំងអ្នកសារព័ត៌មាន នៅមិនទាន់ដឹងថា ការដោះស្រាយឈ្នះៗនោះដោយរបៀបណា? ហើយការព្រមព្រៀងជាថវិកានោះរបៀបណា ចំនួនប៉ុន្មាន ក៏អ្នកសារព័ត៌មានរបស់យើងមិនទាន់ដឹងដែរ គ្រាន់តែដឹងច្បាស់ថា«រដ្ឋបាលសង្កាត់បារុងទទួលបានចំនួន ៥ម៉ឺនដុល្លារអាមេរិក»
បើតាមការបង្ហើបប្រាប់ពីប្រជាពលរដ្ឋមកអ្នកសារព័ត៌មានយើងបានបញ្ជាក់ថាដីខាងលើគឺបានលក់ប្រែក្លាយជាដីឯកជនទៅហើយតាមរយៈលោកចៅសង្កាត់ ឯម ទី ។ ពួកគាត់ស្នើសុំឲ្យទុកដីនោះនៅជាសម្បត្តិរួមសម្រាប់កសាងសាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។ ហើយពួកគាត់ចង់ឱ្យអាជ្ញាធរបញ្ជាក់ឲ្យបានច្បាស់ថាតើដីនោះពិតជាបានលក់ពិតប្រាកដមែនឬក៏យ៉ាងណា?ហើយលក់ក្នុងតម្លៃប៉ុន្មាន? តើថវិកាដែលបានលក់នោះយកទៅធ្វើអ្វី?
ជ៉ំវិញករណីនេះភ្នាក់ងាររបស់យើងនឹងស៉ំការបំភ្លឺពីរដ្ឋបាលក្រុងអរិយក្សត្រ ដើម្បីឱ្យបានដឹងច្បាស់ពីការដោះស្រាយ សម្របសម្រួល ដើម្បីធ្វើការផ្សព្វផ្សាយជូនសារធារណៈជនបានដឹងច្បាស់ ក៉ំឳ្យមានមន្ទិលសង្ស័យ និងទទួលរាល់ការបំភ្លឺពីគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

