រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៣៧នាក់ ដែលស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមស៉ីវិលនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសនៃការប្រារព្ធខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» នាឱកាសឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាម នៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។

ពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នាទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធ សួនច្បារមុខស្ថានទូតបារាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ។

៣ ឧសភា ១៩៩៣ -៣ ឧសភា ២០២៦ គឺជាថ្ងៃខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ដោយនៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបាន ដោយចៃដន្យឡើយ។

សន្តិភាពត្រូវការព័ត៌មាន ដែលគួរឱ្យទុកចិត្តត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា ត្រូវការការចូលរួមពីសាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឈរលើគោលការណ៍ សុចរិតភាព និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ៕

You might like