(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសស្វាគមន៍ចំពោះជំនួបត្រីភាគីដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា រវាងភាគីប្រធានអាស៊ាន ហ្វីលីពីន កម្ពុជា និងថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំសូមស្វាគមន៍ចំពោះជំនួបត្រីភាគីដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា រវាងភាគីប្រធានអាស៊ាន ហ្វីលីពីន កម្ពុជា និងថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ ខ្ញុំក៏សូមស្វាគមន៍ផងដែរ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត។ ខ្ញុំសូមសម្តែងនូវសេចក្តីគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ាន»។
គួរឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបពិភាក្សាត្រីភាគីរវាងហ្វីលីពីន កម្ពុជា និងថៃ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា -ថៃ បានប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ថ្ងៃនេះ ខ្ញុំនិងនាយករដ្ឋមន្ត្រី Anutin ទើបតែបានជួបប្រជុំគ្នាដោយមានការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង។ ការពិភាក្សារបស់យើងផ្តោតលើភាពតានតឹង និងវិធានការកសាងទំនុកចិត្ត ដើម្បីស្តារ និងពង្រឹងក្របខ័ណ្ឌការងារសម្រាប់សន្តិភាពយូរអង្វែង និងធ្វើឱ្យទំនាក់ទំនងប្រែមកធម្មតា។ យើងបានពិភាក្សាអំពីការបន្តឡើងវិញនូវយន្តការដែលមានស្រាប់ទាំងអស់ពោលគឺ JBC, GBC និង RBC ខណៈដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានរៀបចំមុខងាររបស់ខ្លួនបានពេញលេញ»។
ចំណែកលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា លោកនិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងខិតខំរួមគ្នាដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា ហើយថា ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាងពីរ វាជាការល្អបំផុតដែលប្រទេសទាំងពីរជៀសវាងជម្លោះ។
លោក Anutin Charnvirakul បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទើបតែបានពិភាក្សាដោយស្មោះត្រង់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ យើងទាំងពីរបានបញ្ជាក់ជាថ្មីថា យើងនឹងខិតខំរួមគ្នាដើម្បីធ្វើការឆ្ពោះទៅរកសន្តិភាពតាមរយៈការសន្ទនា។ ប្រទេសថៃ និងកម្ពុជា គឺជាប្រទេសជិតខាងពីរ។ វាជាការល្អបំផុតដែលយើងជៀសវាងជម្លោះ។ វានាំមកនូវការខាតបង់ និងទុក្ខវេទនា»៕

