បើតាមការរាយការណ៍ពីប្រជាពលរដ្ឋ គ្រឿងចក្របានចូលឈូសឆាយដីព្រៃដែលគេអះអាងថាជាដីរដ្ឋ ស្ថិតនៅតំបន់ខាងជើងកំពតគយ ខាងក្រោយស្រែភ្នៃ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថា សកម្មភាពនេះកើតឡើងជាញឹកញាប់ ហើយរាល់ពេលមានព័ត៌មានបែកធ្លាយ ឬអ្នកសារព័ត៌មានចុះផ្តិតយករូបភាព គ្រឿងចក្រតែងតែដកចេញបណ្តោះអាសន្ន មុននឹងត្រឡប់មកធ្វើសកម្មភាពវិញ។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានបានចុះដល់ទីតាំងផ្ទាល់ និងអះអាងថា បានឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាពឈូសឆាយជាក់ស្តែង។ ករណីនេះត្រូវបានរាយការណ៍ជូន ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយលោកបានបញ្ជាក់ថា នឹងចាត់កម្លាំងជំនាញចុះពិនិត្យ ស្រាវជ្រាវទៅលើករណីនេះ។
ចំណែកអភិបាលរងស្រុកសំបូរ លោក រិទ្ធ ព្រលឹង បានលើកឡើងថា ដីនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ប៉ុន្តែមិនទាន់មានការបង្ហាញឯកសារ ឬអាជ្ញាប័ណ្ណបញ្ជាក់ជាសាធារណៈនៅឡើយទេ។
ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនក្នុងមូលដ្ឋាន កំពុងទទូចឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់ថា តើដីនោះជាដីរដ្ឋ ឬជាដីមានកម្មសិទ្ធិស្របច្បាប់ពិតប្រាកដ។
តើនេះជាការអភិវឌ្ឍស្របច្បាប់ ឬជាការទន្ទ្រានដីព្រៃរដ្ឋ? មហាជនកំពុងរង់ចាំចម្លើយពីស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។


