សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការ និងពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការអន្ដរជាតិហ្វ្រង់កូហ្វូនី

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅវិមានសន្តិភាព។

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី​ជជែក​​ពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០​ នៃអង្គការអន្តរជាតិ នៃក្រុមប្រទេសនិយាយ​ភាសា​បារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ​២០២៦នេះ។ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និង​គណៈ​ប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។

នៅក្នុងជំនួបនោះ លោកស្រី​អគ្គ​លេខាធិការ បានបង្ហាញពីការតាមដានរបស់លោកស្រីលើបញ្ហាព្រំដែនរវាងកម្ពុជា និង​ថៃផងដែរ។ លោកស្រីអគ្គលេខាធិការ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្នុង​ដំណើរ​មកកម្ពុជានាពេលនេះ លោកស្រីនឹងអញ្ជើញទៅសួរសុខទុក្ខជនភៀសសឹក ដែលមិន​ទាន់​បានត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ៕

You might like