សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្មបន្ថែមទៀត

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានស្នើដល់រដ្ឋសភានៃប្រទេសហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ និងជួយពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាងដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានស្នើដូចនេះនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច បានអនុញ្ញាតជូនលោកបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការនៃរដ្ឋសភាហុងគ្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានបង្ហាញក្តីរីករាយជាខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកបណ្ឌិត ជីយ៉ចជី ស៊ូច ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ សម្តេចបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលកម្ពុជា និងហុងគ្រី ពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើតនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ដូចជា៖ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ជាដើម។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ហើយចាត់ទុកថាជាជំហានថ្មីមួយទៀត ដែលបង្ហាញពីលទ្ធផលជាក់ស្តែងនៃការអនុវត្តដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេសរវាងអគ្គលេខាធិការដ្ឋានទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រីមកកាន់កម្ពុជានាពេលនេះ កើតចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋសភាប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រី ទាំងកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ជាមិត្តដែលមានការយោគយល់ ជឿជាក់ គោរពគ្នា និងស្មោះត្រង់។ ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា- ហុងគ្រី បានឈានដល់ខួបទី៧០ឆ្នាំ ដែលបានឆ្លុះបញ្ចាំងនូវស្មារតីនៃចំណងមិត្តភាពដ៏យូរអង្វែង ប្រកបដោយភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ។ រដ្ឋសភាប្រទេសទំាងពីរបានឱ្យតម្លៃចំពោះសន្តិភាព។ សន្តិភាពជាតម្រូវការរបស់ពលរដ្ឋគ្រប់ជាតិសាសន៍។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា នៅក្នុងបរិបទស្មុគស្មាញរបស់ពិភពលោកនេះ «យើងត្រូវនាំគ្នាបញ្ចប់សង្រ្គាម បើមិនដូច្នេះសង្រ្គាមនឹងបញ្ចប់យើងទាំងអស់គ្នា»។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាកម្ពុជា និងហុងគ្រី នឹងបន្តជំរុញគំនិតផ្តួចផ្តើមនេះឱ្យកាន់តែសកម្ម និងជាក់ស្តែង។ សម្តេច បានអរគុណដល់ប្រទេសហុងគ្រី ដែលបានផ្តួចផ្តើមគំនិតសហប្រតិបត្តិការ Danube–Mekong ដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋនៅទ្វីបទាំងពីរ ក្នុងការទាញយកផលប្រយោជន៍ពីទន្លេដ៏ធំ និងមានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច កសិកម្ម និងវប្បធម៌។ ជាមួយគ្នានេះសម្តេចក៏បានស្នើរដ្ឋាភិបាលហុងគ្រីជួយគាំទ្រកម្មវិធី Software និងជំនាញឯកទេស ដើម្បីលើកកម្ពស់ស្ថាប័នរដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដែលបច្ចុប្បន្ននេះកំពុងដំណើរការបានមួយជំហានធំរួចមកហើយ។

សម្តេចប្រធានរដ្ឋសភា និងលោកប្រធានគណៈប្រតិភូ បានយល់ស្របគ្នាថា ទំនាក់ទំនងសភា ឬការទូតសភា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសភាតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋ។ ការពង្រឹងទំនាក់ទំនងនេះ នឹងជួយលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យសំខាន់ៗដទៃទៀត។

លោកបណ្ឌិត ជីយ៉ចជី ស៊ូច បានគោរពថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជានៅលើគ្រប់វិស័យ។ លោកបណ្ឌិត ក៏បានគាំទ្រប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា និងបានបង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលជាច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ក៏ដូចជាវិស័យជាច្រើនទៀត ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ។

ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រី សមាជិក សមាជិការដ្ឋសភា លោកអគ្គលេខាធិការ និងសហការី ព្រមទាំងលោកឯកអគ្គរដ្ឋទូត ដែលបានសហការរៀបចំ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតចំពោះគណៈប្រតិភូកាលពីចុងឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភាក៏បានអរគុណដល់ប្រទេសហុងគ្រី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។ សម្តេចផ្ទាល់ក៏ជាអតីតនិស្សិតម្នាក់ ដែលបានសិក្សានៅប្រទេសហុងគ្រី ផ្នែកសារព័ត៌មានផងដែរ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់ប្រទេសហុងគ្រី ជួយបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រីបន្ថែមទៀត និងបានអរគុណដល់រដ្ឋាភិបាលហុងគ្រី ដែលបានយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដូចជាប្រជាពលរដ្ឋហុងគ្រីដូច្នោះដែរ៕

You might like