ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ស្នើសុំអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងអនឡាញ ដែលនៅជិតសាលាសង្កាត់បន្តិច

(​ភ្នំពេញ) ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពក្នុងសហគមន៍ ដោយបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា មានទីតាំងមួយកន្លែងកំពុងលួចលាក់បើកដំណើរការសង្ស័យមានបង្កប់ល្បែងស៊ីសងខុសច្បាប់ (អនឡាញ បៀលការ៉ាត់ ចាក់ថ្នល់បាល់ទាត់ យ៉ាងណាធិបតេយ្យ) យ៉ាងសកម្មទាំងថ្ងៃទាំងយប់។
​តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបញ្ជាក់ថា ទីតាំងសង្ស័យខាងលើនេះ គឺ «ហាងកាហ្វេ១៦៨» ដែលមានទីតាំងស្ថិតនៅលើផ្លូវបេតុង លេខ៧០ ផ្ទះលេខB៥១ ក្នុងភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានបុគ្គលម្នាក់ឈ្មោះ លោក ម៉េង ជាអ្នកចាំមើលការខុសត្រូវ និងចាត់ចែងទីតាំងនេះផ្ទាល់។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ គឺទីតាំងនេះស្ថិតនៅចម្ងាយត្រឹមតែជាង ៥០ម៉ែត្រប៉ុណ្ណោះពីសាលាសង្កាត់ស្រះចក។
​ប្រភពដដែលបានបន្ថែមថា កន្លងមកអង្គភាពសារព័ត៌មានយើងធ្លាប់បានចុះផ្សាយម្តងរួចមកហើយ ប៉ុន្តែទីតាំងនេះគ្រាន់តែបិទបាំងមួយរយៈខ្លីប៉ុណ្ណោះ ហើយក៏បានលួចបើកដំណើរការឡើងវិញជាធម្មតា។ ពាក់ព័ន្ធនឹងការព្រួយបារម្ភ និងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ អង្គភាពសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនង និងរាយការណ៍ជូន លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក តាមរយៈប្រព័ន្ធតេឡេក្រាម ដោយលោកបានឆ្លើយតបសង្ខេបថា «លោកនឹងចុះអង្កេតសិន»។
​ការបើកដំណើរការទីតាំងដែលសង្ស័យថាមានពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងខុសច្បាប់នេះ បាននិងកំពុងបង្កជាក្តីកង្វល់ដល់អាណាព្យាបាល និងប្រជាពលរដ្ឋជុំវិញទីតាំង ដោយពួកគាត់ព្រួយបារម្ភខ្លាចក្រែងកើតមានអសន្តិសុខ អំពើចោរកម្ម ឬផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងក្មេងជំនាន់ក្រោយនៅក្នុងមូលដ្ឋាន។
​ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានគោរពស្នើសុំយ៉ាងទទូចដល់ លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក៏ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ត្រីជំនាញ និងកម្លាំងមានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ ការចុះអន្តរាគមន៍នេះ មិនត្រឹមតែដើម្បីជម្រះមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំងប្រាំពីរចំណុចរបស់រាជរដ្ឋាភិបាលផងដែរ។
​អង្គភាពសារព័ត៌មានយើង ផ្សាយដោយរក្សានូវភាពអព្យាក្រឹត និងត្រៀមខ្លួនជានិច្ចក្នុងការផ្សាយបំភ្លឺ ឬផ្តល់សិទ្ធិឆ្លើយតបពីលោក ម៉េង ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាបាននូវភាពសុក្រឹត យុត្តិធម៌ និងគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់ភាគីទាំងអស់៕

You might like