ប្រជាពលរដ្ឋរិះគន់ ក្រុមហ៊ុនពៅ ម៉ាឡែន នៅឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ថាប្រើប្រាស់ដែកតូចខុសស្តង់ដារ និងគ្មានគុណភាព

ខេត្តព្រៃវែង៖ លោក គឹម យន ជុំទុបទី១បានលើកឡើងថាផ្លូវប្រវែង ៤៤០ម៉ែតទទឹង៥ម៉ែត.កំរ៉ាស់១.៥មួយតឹកកន្លះ ប្រើថវិការអស់ចំនួន៩២លាន.៤០០០រៀល. ប្រជាពលរដ្ឋ និងមហាជនក្នុងមូលដ្ឋាន បាន និងកំពុងសម្តែងការខកចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះគុណភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអាមេ ស្ថិតនៅឃុំស្វាយអន្ទរ  ស្រុកស្វាយអន្ទរខេត្តព្រៃវែង ដែលត្រូវបានគេមើលឃើញថា មានការប្រើប្រាស់សរសៃដែកតូចៗខ្វះបទដ្ឋានបច្ចេកទេស និងការចាក់បេតុងមិនមានគុណភាពជាប់លាប់ ដែលជាហានិភ័យធ្វើឱ្យខូចខាតរេចរឹលមុនអាយុកាល។

​ប្រជាពលរដ្ឋបានលើកឡើងយ៉ាងច្បាស់ថា ថវិកាជាតិដែលយកមកអភិវឌ្ឍន៍ និងស្ថាបនាផ្លូវថ្នល់ទាំងនេះ គឺជា «ទឹកភ្នែក និងញើសឈាម» របស់ប្រជាពលរដ្ឋអ្នកបង់ពន្ធជូនរដ្ឋ ដូច្នេះ ក្រុមហ៊ុនពៅ ម៉ាឡែន ដេញថ្លៃសាងសង់មិនគួរណាធ្វើសកម្មភាពសាងសង់បែបបន្លំភ្នែក លំៗ និងគ្មានស្តង់ដារបច្ចេកទេសបែបនេះឡើយ ព្រោះវាជាគំរូអាក្រក់ដល់ក្រុមហ៊ុនដទៃទៀត និងបំផ្លាញទ្រព្យសម្បត្តិរដ្ឋយ៉ាងធ្ងន់ធ្ងរ។
​គួរឱ្យកត់សម្គាល់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះ អង្គភាពសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងទៅកាន់ លោក ប៉ោ ពីឡុត នាយកទីចាត់ការផែនការវិនិយោគខេត្តព្រៃវែង ដើម្បីសុំការពន្យល់ និងបំភ្លឺ ប៉ុន្តែទោះបីលោកបានចូលមើលសារតាមប្រព័ន្ធតេឡេក្រាមយ៉ាងណាក៏ដោយ ក៏គ្មានការឆ្លើយតប ឬយកចិត្តទុកដាក់ដោះស្រាយនោះឡើយ។

​អាស្រ័យហេតុនេះ មហាជន និងប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជានៅក្នុងខេត្តព្រៃវែង សង្ឃឹមយ៉ាងមុតមាំ និងទទូចដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង, លោក ហៃ សំណាង អភិបាលស្រុកស្វាយអន្ទរ និងស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះក្រុមហ៊ុនពៅ ម៉ាឡែនដែលហ៊ានសាងសង់គ្មានស្តង់ដារ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងធានាថាថវិកាជាតិត្រូវបានប្រើប្រាស់ចំគោលដៅមានគុណភាពរឹងមាំយូរអង្វែង។ដើម្បីគោរពវិជ្ជាជីវៈស្ដីពីរបបសារព័ត៌មានអង្គភាពយើងរង់ចាំបកស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។

You might like